ហេតុអ្វីទ្រង់ជ្រើសរើសខ្ញុំ?
មានពេលមួយ គេបានសួរលោកយ៉ូសែប ផាកឃើរ(Joseph Parker) ដែលជាគ្រូគង្វាលជនជាតិអង់គ្លេសថា “ហេតុអ្វីបានជាព្រះយេស៊ូវជ្រើសរើសយូដាស ឲ្យធ្វើជាសាវ័ករបស់ទ្រង់?” គាត់ក៏បានគិតអំពីសំណួរនេះ ឲ្យបានស៊ីជម្រៅ អស់មួយរយៈ តែមិនអាចឆ្លើយបាន។ គាត់ក៏ប្រាប់គេថា “ពេលខ្ញុំគិតអំពីសំណួរនេះ ខ្ញុំក៏បាននឹកឃើញសំណួរមួយទៀត ដែលកាន់តែពិបាកឆ្លើយជាងនេះ ថា “ហេតុអ្វីទ្រង់ជ្រើសរើសខ្ញុំ?”
នេះជាសំណួរ ដែលគេបានសួរអស់ជាច្រើនសតវត្សរ៍មកហើយ។ ពេលដែលមនុស្សមានចិត្តឈឺចាប់ នឹងអំពើបាបរបស់ខ្លួន ហើយដឹងថា ខ្លួនមានកំហុស ពួកគេក៏បានស្រែករកសេចក្តីមេត្តាករុណារបស់ព្រះយេស៊ូវ។ ពួកគេមានអំណរយ៉ាងខ្លាំង ពេលបានដឹងថា ព្រះយេស៊ូវបានស្រឡាញ់ពួកគេយ៉ាងខ្លាំង បានជាទ្រង់សុគតជួសពួកគេ ហើយទ្រង់ក៏បានអត់ទោសបាបឲ្យពួកគេ។ ពួកគេមិននឹកស្មានសោះថា ទ្រង់បានស្រឡាញ់ពួកគេយ៉ាងនេះ។
ខ្ញុំក៏ធ្លាប់សួរផងដែរថា “ហេតុអ្វីទ្រង់ជ្រើសរើសខ្ញុំ?” ខ្ញុំដឹងថា ភាពខ្មៅងងឹត និងអំពើបាប ដែលមានក្នុងជីវិតខ្ញុំ គឺបានទទួលការជម្រុញពីចិត្តដែលខ្មៅងងឹត តែព្រះទ្រង់នៅតែស្រឡាញ់ខ្ញុំ!(រ៉ូម ៥:៨)។ ខ្ញុំមិនសក្តិសមនឹងឲ្យទ្រង់ស្រឡាញ់ទេ ខ្ញុំជាមនុស្សគ្មានតម្លៃ ហើយក៏គ្មានសង្ឃឹមផង តែទ្រង់នៅតែបើកចំហរព្រះហស្ត និងព្រះទ័យទទួលខ្ញុំ។ ខ្ញុំស្ទើរតែអាចស្តាប់ឮទ្រង់ខ្សិបថា ទ្រង់ស្រឡាញ់ខ្ញុំ ខ្លាំងជាងខ្ញុំស្រឡាញ់អំពើបាបរបស់ខ្ញុំ។
ជាការពិតណាស់ ខ្ញុំធ្លាប់ស្រឡាញ់អំពើបាបរបស់ខ្ញុំ។ ខ្ញុំបានការពារវា ហើយក៏បានបដិសេធន៍ថា ខ្ញុំមិនបានប្រព្រឹត្តខុសទេ។ តែព្រះទ្រង់នៅតែស្រឡាញ់ខ្ញុំ ដោយអត់ទោសបាបឲ្យខ្ញុំ ហើយរំដោះខ្ញុំឲ្យរួច។
ហេតុអ្វីបានជាទ្រង់ជ្រើសរើសខ្ញុំ? ខ្ញុំមិននឹកស្មានសោះថា ទ្រង់បានស្រឡាញ់ខ្ញុំយ៉ាងនេះ។ តែខ្ញុំដឹងថា…
អំណោយដែលព្រះសព្វព្រះទ័យ
បន្ទាប់ពីលោកធែររី(Terry) បានធ្វើដំណើរផ្លូវឆ្ងាយ ទៅធ្វើជំនួញ គាត់ចង់ទៅទិញអំណោយតូចៗ ផ្ញើកូនៗរបស់គាត់។ អ្នកលក់វត្ថុអនុស្សាវរីយ៍ នៅអាកាសយាន្តដ្ឋានក៏បានលើកទឹកចិត្តគាត់ ឲ្យទិញរបស់ថ្លៃៗមួយជំនួន។ គាត់ក៏បានប្រាប់គេថា គាត់មិនមានលុយសម្រាប់ទិញរបស់ថ្លៃៗដូចនេះទេ ហើយគាត់ត្រូវការរបស់ដែលធូរថ្លៃជាងហ្នឹង។ ពេលនោះ អ្នកលក់ក៏បានព្យាយាមធ្វើគាត់យល់ថា គាត់មានភាពកំណាញ់។ ប៉ុន្តែ លោកធែររីដឹងថា កូនៗរបស់គាត់នឹងនៅតែសប្បាយចិត្ត ទោះគាត់ទិញរបស់អ្វីឲ្យពួកគេក៏ដោយ ព្រោះគាត់បានធ្វើ ដោយចិត្តដែលមានក្តីស្រឡាញ់។ ហើយគាត់ពិតជាគិតត្រូវ ព្រោះពួកគេសុទ្ធតែស្រឡាញ់អំណោយដែលគាត់បានទិញឲ្យ។
ក្នុងអំឡុងពេលដែលព្រះយេស៊ូវទៅលេងភូមិបេថានី ជាលើកចុងក្រោយ នាងម៉ារាចង់បង្ហាញក្តីស្រឡាញ់ចំពោះទ្រង់(ម៉ាកុស ១៤:៣-៩)។ បានជានាងយក “ដបថ្មកែវ ដាក់ប្រេងទេព្វិរូសុទ្ធ មានដំឡៃណាស់ យកមកបំបែកដបនោះ ចាក់ប្រេងលើព្រះសិរព្រះយេស៊ូវ”(ខ.៣)។ តែកាលពួកសិស្សទ្រង់ឃើញ គេក៏នឹកតូចចិត្ត ហើយនិយាយថា “ធ្វើបង្ខាតដូច្នេះ តើមានប្រយោជន៍អ្វី?”(ម៉ាថាយ ២៦:៨) ព្រះយេស៊ូវក៏បានប្រាប់ពួកគេ កុំឲ្យបង្អាក់ទឹកចិត្តនាងឡើយ នាងបានធ្វើការនេះ ជាការល្អដល់ទ្រង់ណាស់(ម៉ាកុស ១៤:៦)។ ព្រះយេស៊ូវសព្វព្រះទ័យនឹងអំណោយរបស់នាង ដ្បិតនាងបានធ្វើថ្វាយទ្រង់ ដោយសេចក្តីស្រឡាញ់។ ដូចនេះ សូម្បីតែការចាក់ប្រេងថ្វាយទ្រង់ សម្រាប់ការត្រៀមបញ្ចុះព្រះសពទ្រង់ ក៏ជាការល្អដល់ទ្រង់ដែរ ព្រោះគេបានធ្វើដោយក្តីស្រឡាញ់។
តើអ្នកចង់ថ្វាយអ្វីដល់ព្រះយេស៊ូវ ដើម្បីបង្ហាញក្តីស្រឡាញ់របស់អ្នក? តើអ្នកនឹងផ្តល់ឲ្យនូវពេលវេលា អំណោយទាន និងទ្រព្យសម្បត្តិដល់ទ្រង់ឬទេ? ដរាបណា អ្នកថ្វាយទ្រង់ដោយក្តីស្រឡាញ់ នោះទ្រង់សព្វព្រះទ័យនឹងទទួលពីអ្នកជានិច្ច ទោះអំណោយនេះមានតម្លៃថ្លៃ…
តើអ្នកជានរណា?
ជួនកាល យើងឮគេថា មានអ្នកខ្លះមានការអាក់អន់ចិត្ត ដោយសារគេមិនបានគោរព ឬនិយាយមកកាន់ខ្លួន ដោយសុជីវធម៌។ ពួកគេក៏ស្រែកទាំងកំហឹងថា “តើដឹងថា ខ្ញុំជានរណាអត់?” ជាការពិតណាស់ បើសិនជាអ្នកនោះប្រាប់អ្នកដទៃថាខ្លួនជានរណា នោះគេប្រហែលជានឹងបានដឹងថា អ្នកនោះគ្មានអ្វីអស្ចារ្យទេ។ នេះជាអាកប្បកិរិយ៉ាដែលក្រអឺតក្រទម ហើយលើកដំកើងខ្លួន ដែលគេមិនឃើញមាន ក្នុងអង្គព្រះយេស៊ូវឡើយ សូម្បីតែនៅពេលដែលទ្រង់ជិតដល់ពេលគេធ្វើគុតក៏ដោយ។
ព្រះយេស៊ូវបានយាងចូលទីក្រុងយេរូសាឡិម ដោយការស្វាគន៍យ៉ាងអ៊ូអរ ពីពួកបណ្តាជន ដែលស្រែកសរសើរទ្រង់(ម៉ាថាយ ២១:៧-៩)។ ពួកមនុស្សម្នានៅក្នុងទីក្រុងសួរថា “លោកនេះជាអ្នកណា?” គេក៏ឆ្លើយឡើងថា “នេះគឺជាហោរាយេស៊ូវ ដែលមកពីភូមិណាសារ៉ែត ស្រុកកាលីឡេ”(ខ.១០-១១)។ ទ្រង់មិនបានយាងមក ដើម្បីប្រកាសទាមទាអភ័យឯកសិទ្ធិពិសេសឡើយ តែទ្រង់បានយាងមក ដើម្បីលះបង់ព្រះជន្ម ដោយការស្តាប់បង្គាប់ តាមបំណងព្រះទ័យព្រះវរបិតា។
ព្រះបន្ទូលរបស់ព្រះយេស៊ូវ និងការអ្វីដែលទ្រង់បានធ្វើ ពិតជាសមនឹងឲ្យយើងគោរពទ្រង់។ ទ្រង់មិនដែលទាមទាឲ្យអ្នកដទៃគោរពទ្រង់ ដូចអ្នកដឹកនាំដែលមិនជឿព្រះឡើយ។ ម៉ោងដ៏ឈឺចាប់បំផុតរបស់ទ្រង់ នៅលើឈើឆ្កាង ជាពេលដែលទ្រង់មានភាពកម្សោយបំផុត។ តែកម្លាំងនៃអត្តសញ្ញាណ និងបេសកកម្មរបស់ទ្រង់ បាននាំទ្រង់ឆ្លងកាត់ពេលដ៏ខ្មៅងងឹតបំផុតនោះ ដោយទ្រង់សុគត ដើម្បីលោះបាបយើង ដើម្បីឲ្យយើងបានរស់នៅ ក្នុងសេចក្តីស្រឡាញ់របស់ទ្រង់។
ទ្រង់សក្តិសមនឹងឲ្យយើងលះបង់ជីវិតថ្វាយទ្រង់ ហើយសក្តិសមនឹងឲ្យយើងផ្តោតចិត្តទៅលើទ្រង់។ តើយើងដឹងថា ទ្រង់ជានរណាហើយមែនទេ? –David McCasland
ការរស់នៅដែលជាក្លិនដ៏អូប
ខ្ញុំសូមអរព្រះគុណព្រះ ដែលបានប្រទានឲ្យយើងចេះធំក្លិន ដើម្បីឲ្យយើងអាចអរសប្បាយនឹងក្លិនល្អជាច្រើន ក្នុងជីវិត។ ខ្ញុំចូលចិត្តក្លិនរបស់ឡេសម្រាប់កោរពុកមាត់ នៅពេលព្រឹក។ ខ្ញុំក៏ចូលចិត្តក្លិនស្មៅ ដែលទើបកាត់ថ្មីៗ ក្នុងរដូវផ្ការីក។ ជាពិសេស ខ្ញុំចូលចិត្តអង្គុយនៅទីធ្លាក្រោយផ្ទះ ស្រង់ក្លិនដ៏ក្រអូបនៃផ្កាកុលាប ដែលខ្ញុំបានដាំ ដែលបានរសាត់មកតាមខ្យល់។ ហើយខ្ញុំក៏ចូលចិត្តក្លិនអាហារដ៏ឈ្ងុយឆ្ងាញ់ផងដែរ។
ហេតុនេះហើយ បានជាខ្ញុំមានការចាប់អារម្មណ៍យ៉ាងខ្លាំង ពេលដែលសាវ័កប៉ុលមានប្រសាសន៍ថា ការល្អដែលយើងធ្វើចំពោះអ្នកដទៃ ដោយក្តីស្រឡាញ់ គឺប្រៀបបាននឹង “ក្លិនឈ្ងុយ ជាគ្រឿងបូជាដែលព្រះទ្រង់ទទួល ហើយសព្វព្រះហឫទ័យដែរ”(ភីលីព ៤:១៨)។ ពេលយើងគិតអំពីការជួយអ្នកដែលខ្វះខាត តាមធម្មតា យើងយល់ថា វាជាកិច្ចការដ៏ត្រឹមត្រូវ ឬជាកិច្ចការដែលធ្វើតាមគំរូព្រះគ្រីស្ទ។
ដូចនេះ ការប្រព្រឹត្តិការល្អដោយក្តីស្រឡាញ់ ដើម្បីជួយអ្នកដទៃ គឺជាក្លិនដ៏ក្រអូប ដែលសាយភាយពេញដំណាក់របស់ព្រះ គឺជាក្លិនដែលធ្វើឲ្យទ្រង់សប្បាយព្រះទ័យណាស់។
យើងអាចបំពេញព្រះទ័យព្រះ ដោយក្លិនដែលបង្ហើរចេញពីការធ្វើជាព្រះពរសម្រាប់អ្នកដទៃ! ការនេះបានលើកទឹកចិត្តយើង ឲ្យកាន់តែចង់ធ្វើការល្អ ក្នុងព្រះនាមទ្រង់។
តើនរណាដែលត្រូវការទង្វើរល្អរបស់អ្នក នៅថ្ងៃនេះ? ចូរទូលសូមឲ្យព្រះអម្ចាស់ ដឹកនាំអ្នកទៅរកគេចុះ។ ចូរធ្វើជាព្រះរសម្រាប់គេ។ វាជាក្លឹនដ៏ក្រអូបថ្វាយដល់ព្រះ!-Joe Stowell
គ្រឹះដ៏រឹងមាំ
ការរញ្ជួយដីកើតឡើងជាញឹកញាប់ ក្នុងតំបន់រង្វង់នៃមហាសមុទ្របាស៊ីភិក ដែលគេបានឲ្យឈ្មោះថា “រង្វង់នៃភ្លើង”។ ៩០ភាគរយនៃការរញ្ជួយដីទាំងអស់ និង៨១ភាគរយនៃការរញ្ជួយដីខ្លាំងបំផុត ក្នុងពិភលោក បានកើតឡើងក្នុងតំបន់នោះឯង។ ខ្ញុំបានដឹងថា មានអគារជាច្រើនក្នុងទីក្រុងហុងកុង ត្រូវបានគេសាងសង់ឡើង នៅលើគ្រឹះដែលធ្វើពីថ្មក្រានីត ដែលជួយកាត់បន្ថយការខូចខាតអគារ ជាអតិបរមា ក្នុងពេលមានគ្រោះរញ្ជួយដីម្តងៗ។ គ្រឹះរបស់អគារមានសារៈសំខាន់ណាស់ ជាពិសេស ក្នុងតំបន់ដែលសម្បូររញ្ជួញដី ក្នុងពិភពលោក។
ព្រះយេស៊ូវបានប្រាប់អ្នកដើរតាមទ្រង់ថា គ្រឹះដ៏រឹងមាំ គឺសំខាន់ចំពោះជីវិតរបស់អគារណាស់។ គឺដូចដែលទ្រង់មានបន្ទូលថា “អស់អ្នកណាដែលឮពាក្យរបស់ខ្ញុំទាំងនេះ ហើយប្រព្រឹត្តតាម ខ្ញុំនឹងធៀបអ្នកនោះដូចជាមនុស្សប៉ិនប្រយ័ត្ន ដែលសង់ផ្ទះខ្លួននៅលើថ្ម រួចភ្លៀងធ្លាក់មក ទឹកក៏ជន់ឡើង ហើយខ្យល់បក់ប៉ះនឹងផ្ទះនោះ តែមិនបានរលំទេ ពីព្រោះបានសង់នៅលើថ្ម ឯអស់អ្នកណាដែលឮពាក្យរបស់ខ្ញុំទាំងនេះ តែមិនប្រព្រឹត្តតាម អ្នកនោះត្រូវធៀបដូចជាមនុស្សល្ងង់ ដែលសង់ផ្ទះខ្លួននៅលើខ្សាច់វិញ”(ម៉ាថាយ ៧:២៤-២៥)។ មានតែព្រះយេស៊ូវទេ ដែលជាគ្រឹះដ៏រឹងមាំ ដែលជួយឲ្យយើងមានលំនឹងក្នុងចិត្ត និងក្នុងជីវិត ក្នុងពេលបច្ចុប្បន្ន និងពេលអនាគត។
កាលណាយើងអនុញ្ញាតឲ្យប្រាជ្ញារបស់ព្រះអម្ចាស់ ដឹកនាំយើង ក្នុងទំនាក់ទំនង ការសម្រេចចិត្ត និងការដាក់អាទិភាពរបស់យើង យើងរកបានគ្រឹះដែលគួរឲ្យទុកចិត្តបំផុត សម្រាប់ឲ្យយើងសង់ជីវិតយើងពីលើ។-Bill Crowder
កន្លែងស្ទូចត្រីល្អបំផុត
មិត្តភក្តិរបស់ខ្ញុំម្នាក់ ឈ្មោះហ្កាស់(Gus) បានលាចាកលោកកាលពីពីរបីខែមុន។ លោកហ្កាស់ចូលចិត្តទៅស្ទូចត្រីត្រោតជាមួយខ្ញុំ។ នៅពេលចុងសប្តាហ៍ តាមធម្មតា ខ្ញុំឃើញគាត់ជិះកូនទូករបស់គាត់ ជាមួយកូនស្រីគាត់ ឈ្មោះហាយឌី(Heidi) រកត្រី ក្នុងបឹងនៅក្បែរផ្ទះខ្ញុំ។ កាលពីថ្ងៃមុន ខ្ញុំបានទទួលសំបុត្រមួយច្បាប់ពីហាយឌី។ នាងប្រាប់ខ្ញុំថា មួយរយៈនេះ នាងបានជជែកគ្នាអំពីនគរស្ថានសួគ៌ ជាមួយចៅៗរបស់នាង ដោយសារឪពុករបស់នាងបានលាចាកលោក ទៅនៅផ្ទះគាត់ នៅនគរស្ថានសួគ៌ហើយ។ ចៅប្រុសរបស់នាង អាយុ៦ឆ្នាំ ដែលចូលចិត្តស្ទូចត្រីដូចយើងដែរ ក៏បានរៀបរាប់ថា “នគរស្ថានសួគ៌ពិតជាស្អាតណាស់ ហើយពេលនេះ ព្រះយេស៊ូវកំពុងបង្ហាញលោកតាហ្កាស ឲ្យស្គាល់កន្លែងស្ទូចត្រីដែលល្អបំផុត”។
ពេលដែលសាវ័កប៉ុលរៀបរាប់ អំពីនគរស្ថានសួគ៌ ដែលព្រះទ្រង់បានបើកបង្ហាញដល់គាត់ ពាក្យសម្តីរបស់គាត់មិនអាចពិពណ៌នាអំពីនគរស្ថានសួគ៌ឲ្យអស់សេចក្តីឡើយ។ គាត់ថា “អ្នកនោះបានលើកឡើងដល់ស្ថានបរមសុខ ហើយបានឮពាក្យដែលថ្លែងប្រាប់មិនបាន ក៏គ្មានច្បាប់ឲ្យមនុស្សណានិយាយឡើយ”(២កូរិនថូស ១២:៤)។ ពាក្យសម្តីរបស់មនុស្សមិនអាចថ្លែង អំពីនគរស្ថានសួគ៌ឲ្យអស់សេចក្តីឡើយ ប្រហែលមកពីយើងជាមនុស្ស បានជាយើងមិនអាចយល់អំពីនគរស្ថានសួគ៌ឲ្យអស់សេចក្តី។
យើងប្រហែលជារកបានការកម្សាន្តចិត្តខ្លះ ពីការស្គាល់ភាពលម្អិតនៃនគរស្ថានសួគ៌ ជាបន្ថែមទៀត តែការយល់ដឹងអំពីនគរស្ថានសួគ៌ មិនបានផ្តល់ការធានាដល់យើងឡើយ គឺមានតែការស្គាល់ព្រះដោយផ្ទាល់ទេ ដែលផ្តល់ការធានាដល់យើងបាន។ ដោយសារខ្ញុំបានស្គាល់ទ្រង់ ហើយខ្ញុំដឹងថា ទ្រង់ល្អប៉ុណ្ណា នោះខ្ញុំអាចលៈបង់ជីវិត និងអ្វីៗក្នុងជីវិតនេះ ថ្វាយដល់ទ្រង់ ដោយការជឿជាក់ថា នគរស្ថានសួគ៌ពិតជាមានភាពស្រស់ស្អាត ហើយព្រះយេស៊ូវនឹងបង្ហាញកន្លែងដ៏ល្អបំផុតឲ្យយើងបានស្គាល់ នៅនគរស្ថានសួគ៌ ព្រោះទ្រង់ជាព្រះដែលល្អចំពោះយើងណាស់។-John Henry…
ពិបាកពេកសម្រាប់ខ្ញុំ
បុរសម្នាក់មានកូនប្រុសអាយុ៥ឆ្នាំ ដែលទើបតែបរាជ័យ នៅក្នុងការព្យាបាលជម្ងឺមហារីក។ មានមនុស្សម្នាក់បាននិយាយប្រាប់គាត់ថា “ព្រះទ្រង់មិនដែលប្រទានឲ្យយើង លើសពីសមត្ថភាពដែលយើងអាចទទួលនោះឡើយ”។ គេនិយាយដូចនេះ ក្នុងបំណងលើកទឹកចិត្តគាត់ទេ តែបែរជាធ្វើឲ្យគាត់ពិបាកចិត្តកាន់តែខ្លំាង ព្រោះគាត់ឆ្ងល់ថា ហេតុអ្វីបានការបាត់បង់កូនជាទីស្រឡាញ់របស់គាត់ ជាបន្ទុកដ៏ធ្ងន់ ដែលគាត់មិនអាចទទួលរួចទាល់តែសោះ។ គាត់មានការឈឺចាប់ណាស់ បានជាគាត់ស្ទើរតែមិនអាចដកដង្ហើមរួច។ គាត់ដឹងថា គាត់មានការសោកសង្រេងខ្លាំងពេក មិនអាចទ្រាំទ្ររួច ហើយគាត់ត្រូវការព្រះទ្រង់ឱបគាត់ឲ្យជាប់។
យើងអាចរកវិធីជៀសវាងមិនឲ្យជួបការល្បួង តែយើងមិនអាចរិះរកវិធីជៀសចេញពីសេចក្តីទុក្ខឡើយ ដរាបណាយើងនៅមានជីវិត។ មុនពេលគេមកចាប់ព្រះយេស៊ូវយកទៅឆ្កាង ទ្រង់ក៏មានព្រះតម្រិះ អំពីការជៀសចេញពីទុក្ខវេទនា ដែលជិតកើតឡើងចំពោះទ្រង់ផងដែរ បានជាទ្រង់មានបន្ទូលថា “ចិត្តខ្ញុំព្រួយពន់ពេក ស្ទើរតែនឹងស្លាប់”។ រួចទ្រង់ក៏បានអធិស្ឋានថា “ឱព្រះវរបិតានៃទូលបង្គំអើយ បើសិនជាបាន នោះសូមឲ្យពែងនេះកន្លងហួសពីទូលបង្គំទៅ ប៉ុន្តែ កុំតាមចិត្តទូលបង្គំឡើយ សូមតាមតែព្រះហឫទ័យទ្រង់វិញ”(ម៉ាថាយ ២៦:៣៨-៣៩)។ តែដោយសារសេចក្តីស្រឡាញ់ នោះទ្រង់ស្ម័គ្រព្រះទ័យរងទុក្ខវេទនារហូតដល់សុគត ដើម្បីជួយសង្រ្គោះយើងឲ្យរួចពីបាប។
សាវ័កប៉ុលក៏បានស្ម័គ្រចិត្តរងទុក្ខ ដើម្បីជំនឿលើព្រះគ្រីស្ទផងដែរ បានជាគាត់មានប្រសាសន៍លើកទឹកចិត្តគេថា “ខ្ញុំរាប់អស់ទាំងសេចក្តីទុក្ខលំបាកនៅជាន់នេះ ថាជាសេចក្តីមិនគួរប្រៀបផ្ទឹមនឹងសិរីល្អ ដែលនឹងបើកសំដែងមកឲ្យយើងរាល់គ្នាឃើញនោះទេ”(រ៉ូម ៨:១៨)។ ពេលដែលសេចក្តីទុក្ខហាក់ដូចជាពិបាកឲ្យយើងអត់ទ្រាំពេក យើងចាំបាច់ត្រូវដឹងថា ពេលនោះជាពេលដែលត្រូវចូលទៅរកសេចក្តីមេត្តាករុណារបស់ព្រះ ហើយទ្រង់នឹងឱបយើងជាប់។ ម្យ៉ាងទៀត ចូរយើងចាំថា “សេចក្តីទុក្ខលំបាកបង្កើតឲ្យមានសេចក្តីទ្រាំទ្រ សេចក្តីទ្រាំទ្របង្កើតឲ្យមានសេចក្តីស៊ាំថ្នឹក សេចក្តីស៊ាំថ្នឹកបង្កើតឲ្យមានសេចក្តីសង្ឃឹម”(រ៉ូម ៥:៣-៤)។
កុំព្រួយបារម្ភ!
លោកចច បឺន(George Burns) ជាសីល្បៈករជនជាតិអាមេរិក និងអ្នកនិពន្ធរឿងកំប្លែង បានមានប្រសាសន៍ថា “បើអ្នកសួរថា តើអ្វីជាគន្លឹះសំខាន់បំផុត ដើម្បីឲ្យមានអាយុវែង? ខ្ញុំនឹងឆ្លើយប្រាប់ថា ដើម្បីឲ្យមានអាយុវែង យើងត្រូវជៀសវាងការព្រួយបារម្ភ ភាពតប់ប្រមល់ និងភាពតានតឹងក្នុងចិត្ត។ ហើយទោះអ្នកមិនសួរខ្ញុំ ក៏ខ្ញុំនៅតែឆ្លើយប្រាប់ដូចនេះ”។ លោកបឺនបានរស់នៅដល់អាយុ១០០ឆ្នាំ។ គាត់ចូលចិត្តធ្វើឲ្យគេសើច ហើយធ្វើតាមយោបលគាត់។
ប៉ុន្តែ តើធ្វើដូចម្តេចឲ្យយើងអាចជៀសវាងការព្រួយបារម្ភបាន នៅពេលដែលជីវិតយើងមានភាពមិនច្បាស់លាស់ មានបញ្ហា និងមានតម្រូវការជាច្រើនយ៉ាងនេះ? សាវ័កពេត្រុសបានលើកទឹកចិត្ត ឲ្យអ្នកដើរតាមព្រះយេស៊ូវឈប់មានការព្រួយបារម្ភ ខណៈពេលដែលពួកគេរស់នៅរាយប៉ាយ ដោយសារការបៀតបៀន ក្នុងតំបន់អាស៊ី ក្នុងសតវត្សរ៍ទី១។ គឺដូចដែលគាត់មានប្រសាសន៍ថា “ដូច្នេះ ចូរឲ្យអ្នករាល់គ្នាបន្ទាបខ្លួន នៅក្រោមព្រះហស្តដ៏ពូកែរបស់ព្រះចុះ ដើម្បីឲ្យទ្រង់បានដំកើងអ្នករាល់គ្នាឡើង នៅវេលាកំណត់ ហើយចូរផ្ទេរគ្រប់ទាំងសេចក្តីទុក្ខព្រួយរបស់អ្នករាល់គ្នាទៅលើទ្រង់ ដ្បិតទ្រង់តែងយកព្រះទ័យទុកដាក់នឹងអ្នករាល់គ្នា”(១ពេត្រុស ៥:៦-៧)។
ត្រង់ចំណុចនេះ សាវ័កពេត្រុសមិនបានបង្រៀនគេ ឲ្យខំជៀសចេញពីសេចក្តីទុក្ខនោះឡើយ(ខ.៩) ផ្ទុយទៅវិញ គាត់បានបង្រៀនគេឲ្យរកឃើញសន្តិភាព និងកម្លាំង ដើម្បីឈ្នះការវាយប្រហាររបស់សាតាំង(ខ.៨-១០)។ យើងមិនត្រូវបណ្តោយខ្លួនឲ្យមានការថប់បារម្ភ និងភ័យព្រួយឡើយ ព្រោះព្រះទ្រង់បានប្រោសយើងឲ្យរួច ដើម្បីឲ្យបានអរសប្បាយនឹងសេចក្តីស្រឡាញ់ ដែលទ្រង់មានចំពោះយើង ហើយបង្ហាញសេចក្តីស្រឡាញ់របស់ទ្រង់ ដល់គ្នាទៅវិញទៅមក។
យើងមិនត្រូវដាក់គោលដៅថា យើងនឹងរស់នៅឲ្យបានប៉ុន្មានឆ្នាំឡើយ តែផ្ទុយទៅវិញ យើងត្រូវដាក់គោលដៅថា នឹងរស់នៅ ដោយជីវិតពេញបរិបូរ ក្នុងការបម្រើព្រះអម្ចាស់…
យកការអធិស្ឋានជាទីមួយ
ពេលដែលខ្ញុំ និងស្វាមីខ្ញុំ មើលកូនប្រុសរបស់យើង ហាត់លេងព្យាណូតាមមេរៀន យើងក៏បានអធិស្ឋានសូមឲ្យព្រះទ្រង់ជួយយើង។ យើងបានអធិស្ឋានជាមុន ព្រោះខ្ញុំ និងស្វាមីខ្ញុំសុទ្ធតែមិនចេះរៀនព្យាណូដូចគ្នា។ យើងទាំងបីនាក់ក៏បានយល់ អំពីអត្ថន័យនៃសម្លេងដាច់ និងសម្លេងជាប់ ហើយក៏បានដឹងថា ពេលណាយើងត្រូវចុចខ្ទង់ពណ៌ខ្មៅ។
យើងយកការអធិស្ឋានជាអាទិភាព ជាពិសេស នៅពេលដែលយើងដឹងថា យើងត្រូវការជំនួយរបស់ព្រះ។ ស្តេចដាវីឌត្រូវការជំនួយរបស់ព្រះ ក្នុងស្ថានភាពដ៏គ្រោះថ្នាក់ ពេលដែលទ្រង់ពិចារណា អំពីការប្រយុទ្ធនឹងពួកភីលីស្ទីន ក្នុងក្រុងកៃឡា។ មុនពេលចូលប្រយុទ្ធ ស្តេចដាវីឌទូលសួរព្រះយេហូវ៉ាថា “តើត្រូវឲ្យទូលបង្គំទៅវាយពួកភីលីស្ទីននោះឬទេ?”(១សាំយ៉ូអែល ២៣:២)។ ព្រះទ្រង់ក៏បានយល់ព្រមតាមសេចក្តីសំណូមរបស់ស្តេចដាវីឌ។ ទោះជាយ៉ាងណាក៏ដោយ កងទព័របស់ស្តេចដាវីឌមានការភ័យខ្លាចចំពោះពួកភីលីស្ទីន។ ស្តេចដាវីឌក៏បានអធិស្ឋានម្តងទៀត មុនពេលការប្រយុទ្ធចាប់ផ្តើម។ ព្រះទ្រង់ក៏បានសន្យាថា នឹងប្រទានជ័យជម្នះ ហើយក្រោយមកទ្រង់ក៏បានឈ្នះពួកសត្រូវ(ខ.៤)។
តើការអធិស្ឋានដឹកនាំជីវិតយើងជារៀងរាល់ថ្ងៃ ឬយើងគ្រាន់តែអធិស្ឋាន នៅពេលដែលមានបញ្ហា? ជួនកាល យើងមានទម្លាប់ធ្វើផែនការហើយ រួចសិមអធិស្ឋានសូមឲ្យព្រះទ្រង់ប្រទានពរ ផែនការយើងជាក្រោយ ឬមានទម្លាប់អធិស្ឋាន តែនៅពេលទាល់ច្រក។ ព្រះទ្រង់ពិតជាសព្វព្រះទ័យឲ្យយើង ងាកមករកទ្រង់ ពេលដែលយើងមានបញ្ហា ប៉ុន្តែ ទ្រង់ក៏សព្វព្រះទ័យឲ្យយើងនឹកចាំថា យើងត្រូវការទ្រង់គ្រប់ពេលទាំងអស់(សុភាសិត ៣:៥-៦)។-Jennifer Benson Schuldt
ប្រភពនៃអ្វីៗគ្រប់យ៉ាង
ទន្លេនីល ស្ថិតនៅទ្វីបអាហ្វ្រិក លាតសន្ធឹងប្រវែង៦៦៥០គីឡូម៉ែត្រ ហើយហូរពីត្បូងទៅជើង កាត់ប្រទេសមួយចំនួន ក្នុងភាគខាងជើងនៃទ្វីបអាហ្វ្រិក។ អស់រយៈពេលជាច្រើនសតវត្សរ៍មកហើយ ដែលទន្លេនីលបានផ្តល់ឲ្យនូវការទ្រទ្រង់ជីវិត និងជីវភាព ដល់ប្រជាពលរដ្ឋរាប់លាននាក់ ក្នុងប្រទេសដែលទន្លេនេះហូរកាត់។ ថ្មីៗនេះ ប្រទេសអេធីយ៉ូពីកំពុងសាងសង់ទំនប់វារីអគ្គីសនីធំជាងគេបំផុតរបស់ទ្វីបអាហ្រ្វិក តាមបណ្តោយទន្លេនីល។ ទំនប់វារីអគ្គីសនីនេះនឹងក្លាយជាធនធានដ៏សំខាន់ សម្រាប់តំបន់នោះ។
កាលពីសម័យដើម ស្តេចផារ៉ោននៃនគរអេស៊ីព្ទ បានអៈអាងថា ខ្លួនជាម្ចាស់ និងជាអ្នកបង្កើតទន្លេនីល។ ស្តេចអង្គនេះ និងប្រជាជនអេស៊ីព្ទបានអួតថា “ទន្លេនេះជារបស់ផងអញ អញបានបង្កើតសំរាប់តែខ្លួនអញទេ”(អេសេគាល ២៩:៣,៩)។ ពួកគេមិនបានទទួលស្គាល់ថា មានតែព្រះមួយអង្គគត់ ដែលបានប្រទាននូវធនធានធម្មជាតិទាំងអស់។ ហេតុនេះហើយ បានជាទ្រង់សន្យាថា នឹងដាក់ទោសនគរអេស៊ីព្ទ(ខ.៨-៩)។
យើងត្រូវថែររក្សាស្នាព្រះហស្តរបស់ព្រះ ហើយមិនត្រូវភ្លេចទេថា អ្វីៗដែលយើងមាន សុទ្ធតែមានប្រភពមកពីព្រះអម្ចាស់។ បទគម្ពីររ៉ូម ១១:៣៦ បានចែងថា “ដ្បិតរបស់សព្វសារពើបានកើតមកពីទ្រង់ ដោយសារទ្រង់ ហើយសំរាប់ទ្រង់ សូមឲ្យទ្រង់បានសិរីល្អនៅអស់កល្បជានិច្ច”។ ទ្រង់ក៏ជាអ្នកដែលបានប្រទានឲ្យមនុស្សជាតិ មានសមត្ថភាពផលិត និងឆ្នែបង្កើតនូវធនធាន ដែលជាស្នាដៃមនុស្ស។ ពេលណាយើងជជែកអំពីការល្អ ដែលយើងបានទទួល ឬអំពីកិច្ចការដែលយើងបានសម្រេច យើងចាំបាច់ត្រូវចាំព្រះបន្ទូលព្រះ ក្នុងបទគម្ពីរ អេសាយ ៤២:៨ ដែលបានចែងថា “អញជាយេហូវ៉ា នេះហើយជាឈ្មោះរបស់អញ អញមិនព្រមប្រគល់សិរីល្អរបស់អញដល់អ្នកណាទៀត ឬឲ្យសេចក្តីសរសើររបស់អញ ដល់រូបឆ្លាក់ឡើយ”។-Lawrence…